ព័ត៌មានថ្មីបំផុត

រាជធានីភ្នំពេញ៖  អគ្គនាយដ្ឋានអន្តោប្រវេសន៍ សូមប្រកាសជម្រាបជូនសាធារណជន ឲ្យបានជ្រាបថា ក្នុងរយៈពេលកន្លងមកថ្មីៗនេះ មានការលើកឡើងចោទប្រកាន់ក្នុងបណ្តាញសង្គម និងសារព័ត៌មានមួយចំនួនស្តីពីភាពអសកម្ម របស់មន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ។ ទោះបីការចោទប្រកាន់ទាំងនោះ មិនមានការបង្ហាញ ភស្តុតាងជាក់លាក់ក៏ដោយចុះ ប៉ុន្តែក្រុមប្រឹក្សាវិន័យ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក៏បានកោះអញ្ជើញថ្នាក់ដឹកនាំ និងមន្ត្រីមួយចំនួន នៃប៉ុស្តិ៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ស្រាយបំភ្លឺ និងបានចាត់វិធានការដើម្បីបំបាត់ភាពអសកម្មទាំងឡាយ ។

          ដើម្បីចៀសវាងភាពអសកម្ម ប៉ះពាល់ដល់ប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ព្រំដែន ក៏ដូចជាការរក្សា    សណ្តាប់ធ្នាប់ និងការសម្រួលដល់ប្រជាពលរដ្ឋខ្មែរ និងជនបរទេសទាំងអស់ ដែលធ្វើដំណើរឆ្លងកាត់ព្រំដែនកម្ពុជា-ថៃ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានធ្វើការណែនាំអប់រំលោកនាយប៉ុស្តិ៍ ឲ្យយកចិត្តទុកដាក់អនុវត្តឲ្យបានត្រឹមត្រូវ តាមតួនាទីភារៈកិច្ច និង ការប៉ះពាល់ដល់ប្រជាពលរដ្ឋ ដោយក្នុងនោះត្រូវយកចិត្តទុកដាក់៖

- ត្រូវដាក់ស្លាកអក្សរសម្គាល់សម្រាប់សាធារណជនឲ្យបានជ្រាបថា ការបម្រើសេវានេះមិនតម្រូវឲ្យមានការបង់ប្រាក់ទេ ។

- រៀបចំកែលម្អរបញ្ជរបំពេញ បែបបទចេញ ចូល ឲ្យបានសមស្របនិងរៀបចំលំហូរអ្នកដំណើរ ឲ្យមានការតម្រង់ជួរត្រឹមត្រូវ តាមលំដាប់មុនក្រោយ ដើម្បីកុំឲ្យមានការឆ្លៀតឱកាសជួយសម្រួល លឿន រហ័ស រកផលប្រយោជន៍ខុសច្បាប់ ។

- ហាមយកប្រាក់ដើម្បីអនុញ្ញាត ឲ្យយានយន្ត រ៉ឺម៉ក ម៉ូតូកង់បី ម៉ូតូឌុប ដែលធ្វើឲ្យបាត់សណ្តាប់ធ្នាប់នៅបរិវេណច្រកទ្វាអន្តជាតិប៉ោយប៉ែត ។

- មន្ត្រីនគរបាលគ្រប់ច្រកទ្វារព្រំដែនទាំងអស់ (រួមទាំងក្រៅពីច្រកទ្វារអន្តរជាតិប៉ោយប៉ែត) ត្រូវយកចិត្តទុកដាក់ និង បង្កលក្ខណៈងាយស្រួលដល់ពលរដ្ឋខ្មែរ និងបរទេសដែលធ្វើដំណើរឆ្លងកាត់ព្រំដែន ជាពិសេសពលករដែលធ្វើការនៅប្រទេសថៃ ក្នុងរដូវចូលឆ្នាំខ្មែរខាងមុខឆាប់ៗនេះ ដោយមិនត្រូវទទួលប្រាក់កាសឡើយ ។

- ត្រូវពង្រឹងការគោរពបទបញ្ជា វិន័យរបស់កងកម្លាំងនគរបាលជាតិ អប់រំសីលធម៌ ឥរិយាបថ និង អកប្ប-កិរិយា បំពេញការងាររបស់មន្ត្រី យកចិត្តទុកដាក់លើមុខជំនាញវិជ្ជាជីវៈរបស់ខ្លួន និង ធ្វើការដាក់វិន័យយ៉ាងតឹងរឹងបំផុត ចំពោះមន្ត្រីដែលបានប្រព្រឹត្តខុសឆ្គង ។

        អាស្រ័យហេតុនេះសូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន និង ជួយចូលរួមផ្តល់យោបល់ក្នុងន័យស្ថាបនា ដើម្បីផ្តល់ឱកាសឲ្យមន្ត្រីនគរបាលយើងកែលម្អរសកម្មភាពការងារក្នុងការផ្តល់សេវាដល់ពលរដ្ឋកាន់តែល្អប្រសើរថែមទៀត ៕


អត្ថបទទាក់ទង

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ